អាញស្តាញ [Albert Einstein] និងរឿងរ៉ាវ
គួរឲ្យចាប់អារម្មរណ៍របស់គាត់
ជារៀងរាល់ឆ្នាំតែងមានមនុស្សអច្ឆរិយៈកើតឡើងសន្ធឹកសន្ធាប់។
ប្រហែលជារាល់ ១០០ឆ្នាំម្តង ទើប មានមហាអច្ឆរិយៈកើតឡើង តែសម្រាប់អភិមហាអច្ឆរិយៈត្រូវនាំគ្នារងចាំដល់រាប់ពាន់ឆ្នាំ។
ចាត់ទុកថាជាសំណាងល្អរបស់មនុស្សជាតិដែលកាលពី៥០០ឆ្នាំកន្លងទៅនេះ បានមានមនុស្សលំដាប់ថ្នាក់អភិមហាអច្ឆរិយៈកើតឡើងដល់ទៅពីរនាក់គឺ
អៃសាក់ ញូវតុន និង អាល់ប៊ឺត អាញស្តាញ ។ អ្នកទីមួយកើតមកដើម្បីក្រឡាប់ពិភពលោក...
មករា ៨,
២០១៨
ចំណែកអ្នកទីពីរកើតមកដើម្បីក្រឡាប់ពិភពចក្រវាឡ។
ក្នុងពេលដែលគេអញ្ជើញឲ្យគាត់ធ្វើជាប្រធានាធិបតីទី២
នៃប្រទេសអ៊ីស្រាអ៊ែលក្នុងឆ្នាំ គ.ស.១៩៥២
អាញស្តាញ ជាមនុស្សសំខាន់ដែលជួយឲ្យប្រទេសអ៊ីស្រាអ៊ែលកើតឡើងបាន តែគាត់បានបដិសេធតំណែងដ៏អស្ចារ្យនោះ
ព្រមទាំងឲ្យហេតុផលថា “នយោបាយជារឿងបណ្តោះអាសន្ន
តែសមការគង់នៅនិរន្តរ៍” នោះជាពាក្យនិយាយលេងរបស់អាញស្តាញ
តែការពិតក្នុងសំបុត្របដិសេធ គាត់សរសេរទុកថា “ខ្ញុំមានសេចក្តីរំភើបចិត្តជាខ្លាំងចំពោះសំណើរបស់រដ្ឋាភិបាលអ៊ីស្រាអ៊ែល
តែក៏មានអារម្មណ៍ក្រៀមក្រំ និងខ្មាសអៀនដែលមិនអាចទទួលយកសំណើរនេះបាន។ ជីវិតរបស់ខ្ញុំសុទ្ធតែទាក់ទងជាមួយនឹងរបស់ដែលជាវត្ថុ
ទើបធ្វើឲ្យខ្ញុំខ្វះជំនាញក្នុងការគ្រប់គ្រងមនុស្ស ហើយនិងការចាត់ការភារកិច្ចដែលជាផ្លូវការ
ដោយហេតុផលនេះ ទើបខ្ញុំមិនសក្តិសមនឹងតំណែងដ៏សំខាន់នេះ
នៅមិនទាន់រាប់ទាំងអាយុក៏ច្រើន សុខភាពក៏កាត់បន្ថយកម្លាំងពលំរបស់ខ្ញុំ”។
គ្រាមួយ គាត់ធ្លាប់ប្រឹក្សាជាមួយនឹង
ស៊ិកម៉ាន់ដ៍ ហ្រ៉្វយដ៍ [Sigmund Freud] ឲ្យជួយវិភាគចិត្តមនុស្សថា
ហេតុអីចូលចិត្តសង្រ្គាម ហើយនិងប្រឹក្សាជាមួយ មហាត្មៈ គន្ធី [Mohatma
Gandhi] ក្នុងការបញ្ឈប់សង្គ្រាមលើលោក។ អាញស្តាញ ជាមនុស្សដែលស្អប់ខ្ពើមសង្គ្រាមជាខ្លាំង
ហើយគាត់គឺជាមនុស្សម្នាក់ដែល ជួយធ្វើឲ្យកើតអង្កការសន្និបាតជាតិ ដែលក្រោយមកវិវឌ្ឍន៍ទៅជាអង្កការសហប្រជាជាតិ
[United Nation or UN] ដើម្បីការពារពិភពលោកមិនឲ្យកើតសង្គ្រាម។
នៅសម័យនោះ មានក្រុមគ្រួសារជាច្រើនបាននាំយករូបរបស់គាត់ទៅបិទទុកនៅលើជញ្ជាំងផ្ទះ រដ្ឋាភិបាលអ៊ីស្រាអ៊ែល
នាំយករូបរបស់គាត់បោះពុម្ពលើធនប័ត្រ អ្នកខ្លះនាំយកទៅបណ្តោងខ្សែក រហូតអាញស្តាញមានអារម្មណ៍មិនសប្បាយចិត្ត
ហើយរំសាយអារម្មណ៍ចេញមកជាបទឃ្លោងថា “មានមនុស្សស្រឡាញ់គឺល្អអស្ចារ្យ
ទៅណាមកណាមានគេរាក់ទាក់ តែខ្ញុំកង្ខារចិត្តមិនជឿជាក់
ថាខ្ញុំរឺអ្នកគិតឆ្កួតខ្លួនឯង។” ក្នុងយុគនោះមិនថាគាត់ធ្វើអ្វីក៏ជាពត៌មានទាំងអស់។
មានពេលមួយនោះ គាត់ធុញទ្រាន់ចំពោះអ្នកយកពត៌មានដែលតាមថតរូបទើបលានអណ្តាតដាក់អ្នកថតរូប
តែការលានអណ្តាតរបស់គាត់ត្រឡប់ក្លាយទៅជារូបបែបទំនៀមទម្លាប់មួយរបស់ជនជាតិអាមេរិកនៅយុគតែម្តង។
នរណាមានអារម្មណ៍ធុញទ្រាន់ រឺត្រូវការឲ្យដឹងថាជាមនុស្សចូលចិត្តលេងបែបសប្បាយៗក៏តែងលានអណ្តាត។
អាដហ្វ អ៊ីទ្លែ [Adolf Hitler] បានដាក់ថ្លៃក្បាលរបស់គាត់ជាទឹកប្រាក់ចំនួនមហាសាលក្នុងការតាមសម្លាប់គាត់
រហូតអាញស្តាញពោលថា “ខ្ញុំមិនដែលដឹងខ្លួនពីមុនមកឡើយថាខ្លួនឯងមានតម្លៃសន្ធឹកសន្ធាប់ដល់ថ្នាក់នេះ។”
ភ្នាក់ងារសម្ងាត់របស់អាល្លឺម៉ង់ អាចសម្លាប់គាត់បានភ្លាមក្នុងពេលណាដែលមានឳកាស។
អេលសា ភរិយារបស់គាត់ព្យាយាមប្រាប់ឲ្យគាត់ឈប់និយាយប្រឆាំងនឹងពួក ណាស៊ី តែគាត់បដិសេធដោយប្រាប់ថា
“បើខ្ញុំបិទមាត់ស្ងៀម
នោះខ្ញុំក៏មិនមែនអាញស្តាញដែរ។” គាត់ធ្លាប់និយាយទៀតថា
“ការខ្លាចស្លាប់
ជាសេចក្តីខ្លាចដែលឥតប្រយោជន៍បំផុតក្នុងបណ្តាសេចក្តីខ្លាចទាំងពួង។”
អ៊ីទ្លែ [Hilter] ប្រមូលអ្នកចេះអ្នកដឹងខ្ពង់ខ្ពស់បំផុតរបស់អាល្លឺម៉ង់បានប្រហែលមួយរយនាក់យកមកមួលបង្កាច់ទ្រឹស្តីរបស់
អាញស្តាញ ថាឥតប្រយោជន៍ តែបែរត្រឡប់ជា សំណាងល្អរបស់មនុស្សជាតិ។ អាញស្តាញ តបទៅវិញដោយអត្ថបទថា
“ហេតុអ្វីចាំបាច់ប្រមូលមនុស្សមកដល់ទៅមួយរយនាក់
បើអាចពិសោធន៍បានថាខ្ញុំខុសតែមួយនាក់ នោះក៏គ្រប់គ្រាន់ណាស់ទៅហើយ”។
គ្រាមួយខណៈពេលដែលអាញស្តាញចូលទៅណែនាំខ្លួនដើម្បីទទួលតំណែងសាស្ត្រាចារ្យសកលវិទ្យាល័យ
នៅថ្ងៃដំបូងអ្នកយាមសាលានាំគាត់ទៅជួសជុលអំពូលភ្លើង ដោយគិតថាគាត់ជាជាងដែលសកលវិទ្យាល័យហៅមក
ហើយគាត់ក៏បានជួសជុលរហូតរួចរាល់ទៀតផង។ មានមនុស្សធ្លាប់សួរដោយសេចក្តីសង្ស័យថា ហេតុអ្វីបានចូលចិត្តតែងខ្លួនដូច្នេះ
ហើយគាត់តបថា “ជារឿងគួរឲ្យក្រៀមក្រំ
ប្រសិនបើក្រដាសខ្ចប់សាច់មើលទៅល្អជាងសាច់ដែលលាក់នៅខាងក្នុង”។
បារ៉ាក់ អូបាម៉ា [Barak Obama] ប្រធានាធិបតីសហរដ្ឋអាមេរិកក៏ត្រូវអគុណគាត់ទៀតផង
ព្រោះនៅគ្រាមួយ អាញស្តាញ ធ្លាប់ជាកម្លាំងសំខាន់ក្នុងការជួយជម្រុញឲ្យសិទ្ធិប្រជាពលរដ្ឋស្បែកខ្មៅមានភាពស្មើគ្នាជាមួយនឹងប្រជាពលរដ្ឋស្បែកស
រហូតត្រូវបានប្រឆាំងយ៉ាងក្តៅគគុកពីសំណាក់ជនជាតិអាមេរិកាំងមួយចំនួន។ អត្ថបទរបស់គាត់បោះពុម្ពក្នុងសៀវភៅ
Out of My Later Years មានវគ្គមួយពោលថា “…នៅសហរដ្ឋអាមេរិកទាំងអស់គ្នាជឿជាក់ថាខ្លួនឯងមានគុណតម្លៃ ការមានអគតិចំពោះមនុស្សស្បែកខ្មៅជារឿងមិនសមគួរ
ហើយនឹងអន្តរាយ។ ពួកយើងត្រូវយកចិត្តទុកដាក់មិនឲ្យក្មេងៗបានទទួលឥទ្ធិពលពីភាពអគតិរឿងពណ៌សម្បុរនេះទេ”។
អាញស្តាញ
មានមិត្តសម្លាញ់ជាច្រើនសន្ធឹកសន្ធាប់នៅគ្រប់សាខាអាជីព ដូចជាមហាត្មៈ គន្ធី [Mohatma Gandhi], ច្វាហារ៍ឡាល នេហ៍រូ [Jawaharlal
Nehru], រៈពិន្ទរនាថ ឋាកូ [Rabindranath Tahore], ម៉ារិលីន ម៉នរ៉ូ [Marilyn Monroe], ស៊ិកម៉ាន់ដ៍
ហ្រ្វយដ៍, ប៊ើរ៍ថ្រែនដ៍ រ័សសេល [Bertrand Arthur
William Russell], ឆាលី ឆែព្លិន [Charlie Chaplin], ហ្វ្រែងគ្លិន រ៉ូសវេលត៍ [Franklin Delano Roosevelt]។ល។ ចំណែកមេដឹកនាំផ្នែកខាងវិទ្យាសាស្ត្រជាមិត្តសម្លាញ់របស់គាត់គ្រប់គ្នា។
អាញស្តាញ និងមិត្តភក្រ្តជាអ្នកវិទ្យាសាស្រ្ត កាលពីសតវត្សរ៍ទី២០
មានរឿងនិទានមួយថា គ្រាមួយ លោកអាល់ប៊ឺត
អាញស្តាញ [Albert Einstein] អ្នកវិទ្យាសាស្ត្រដ៏មានឥទ្ឋិពលត្រូវបានគេសួរសំនួរមួយថា
តើ១ម៉ាយមានប៉ុន្មានហ្វីត។ អាញស្តាញ [Albert Einstein] ឆ្លើយថា
“ខ្ញុំមិនដឹងទេ។ ហេតុអ្វីខ្ញុំត្រូវចាំទិន្នន័យទាំងអស់នេះ នាំឲ្យរំខានខួរក្បាល
ក្នុងខណៈដែលខ្ញុំអាចស្វែងរកចំលើយបានក្នុងពេលពីរនាទីពីសៀវភៅយោងនោះ?” អាញស្តាញ បង្រៀយើងឲ្យដឹងថា សមត្ថភាពដែលប្រើការគិតមានតម្លៃច្រើនជាងសមត្ថភាពត្រឹមតែចាំនិន្នន័យនិងតួលេខបានច្រើន។



0 comments:
Post a Comment